សិក្ខាសាលាស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” រៀបចំឡើងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែក Cybersecurity
ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ – សិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី “ការកសាងដ្ឋានគ្រឺះដ៏រឹងមាំសម្រាប់ចាប់អាជីពជាអ្នកសន្តិសុខសាយប័រ” ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ នៅសាលសន្និសីទសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU Conference Hall) ជាន់ទី ១៣។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីឱកាសការងារដ៏សម្បូរបែបនៅក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាចែករំលែកនូវចំណេះដឹងសំខាន់ៗអំពីការវាយប្រហារតាមអ៊ីនធឺណិតបច្ចុប្បន្ន ជំនាញជាមូលដ្ឋាន និងការអភិវឌ្ឍសមត្ថភាពសម្រាប់អ្នកជំនាញផ្នែក Cybersecurity។
វាគ្មិនកិត្តិយសដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងរួមមាន៖
ឯកឧត្តម លោកបណ្ឌិត សុទ្ធ បូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលនឹងថ្លែងសុន្ទរកថាបើក និងណែនាំពីទិដ្ឋភាពទូទៅនៃឱកាសក្នុងវិស័យ Cybersecurity។
លោក លី វណ្ណឌី នាយកប្រតិបត្តិ (Chief Operation Officer) ដែលនឹងលើកឡើងអំពីការវាយប្រហារតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ន និងមេរៀនដែលទទួលបាន។
លោក អេង ប៊ុនថាច់ នាយកផ្នែកប្រឹក្សាយោបល់ព័ត៌មានវិទ្យា (Director of IT Advisor) ដែលនឹងចែករំលែកពីជំនាញជាមូលដ្ឋានសម្រាប់អ្នកជំនាញ Cybersecurity។
លោក រ៉េន ផារី អ្នកគ្រប់គ្រងទូទៅនៅ Sunrise Institute ដែលនឹងផ្តោតលើការបង្កើនជំនាញ និងឯកទេសក្នុងវិស័យ Cybersecurity។
សូមថ្លែងអំណរណគុណដល់ក្រុមហ៊ុនដៃគូរក្នុងការឧបត្ថម្ភមានដូចជា ក្រុមហ៊ុនផ្តល់សេវាកម្ម First Cambodia ក្រុមហ៊ុនអ៊ីនធឺណេត TODAY internet ព្រមទាំងវាគ្មិន និង សកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលតែងតែចូលរួមសហការកម្មវិធីជាមួយវិទ្យាស្ថានស៉ានស៍កន្លងមក